ការស្លាប់របស់តួអង្គក្នុងរឿងទុំទាវ

ការស្លាប់របស់តួអង្គក្នុងរឿងទុំទាវ
រឿងទុំទាវជាស្នាដៃនិពន្ធរបស់ព្រះភិក្ខុសោមក្នុងឆ្នាំ1915។ កវីនិពន្ធបានបញ្ចប់សាច់រឿងដោយឲ្យតួអង្គស្លាប់បាត់បង់ជីវិត។ការស្លាប់របស់តួអង្គមានមូលហេតុពិតរបស់វា។ខាងក្រោមនេះជាការពិតនៃសេចក្តីស្លាប់របស់តួអង្គនៅក្នុងរឿងទុំទាវ ៖
1-ការស្លាប់របស់នាងទាវ ៖នាងទាវស្លាប់ដោយសារទំនៀមទម្លាប់ដ៏តឹងរ៉ឹងដែលម្តាយនាងនិយមកាន់គឺ«គំនិតនំមិនធំជាងនាឡិ »។ទំនៀមទម្លាប់នេះឲ្យអំណាចខ្លាំងដល់មេបាក្នុងការទុកដាក់កូនចៅឲ្យមានគូស្រករ ។ដូច្នេះទំនៀមទម្លាប់នេះបានគាបសង្កត់មកលើសេរីភាពនាងទាវជាហេតុធ្វើឲ្យនាងសម្រេចចិត្តធ្វើអត្តឃាតទៅតាមខ្មោចទុំ ព្រោះនាងមិនអាចទ្រាំរស់នៅដេកឱបជាមួយហ្មឺនងួនដែលនាងមិនស្រឡាញ់នោះទេ។ម៉្យាងទៀតយើងគិតថា នាងទាវបានបាត់របស់ជាទីស្រឡាញ់ ដូច្នេះមិនអាចទ្រាំរស់នៅជាមួយនរកបានទេ។ប្រសិនបើនាងទាវនៅដេកឱបហ្មឺនងួនមានន័យថា នាងទាវប្រៀបដូចដេកឱបថ្មយ៉ាងដូច្នេះដែរ។
2-ការស្លាប់របស់់ទុំ៖ ទុំស្លាប់ដោយសារអំណាចផ្តាច់ការនៃសម័យលង្វែកដែលមានអរជួនជាស្តេចត្រាញ់អាងអំណាច និងក្រុមបក្សពួកអរជួនជាឃាតករនិងជាអ្នកដៃដល់ក្រោមការបូញមាត់ញោះញង់របស់ម្តាយទាវ។
3-ការស្លាប់របស់ម្តាយទាវ ៖ ម្តាយទាវស្លាប់ដោយសារសេចក្តីលោភលន់។ការលោភលន់បានរួមរឹតម្តាយទាវនាំឲ្យដូនចាស់ដាច់សីល លែងដឹងគុណធម៌ និងតម្លៃស្នេហារបស់យុវជន។ដូនចាស់បំបែកបំបាក់កូនរហូតដល់បញ្ជាអរជួនឲ្យសម្លាប់កូនប្រសារឯង (ទុំប្តីនាងទាវដែលស្តេចរាមាបានរៀបការឲ្យនៅឯព្រះបរមរាជវាំង)។ម្តាយទាវជាជនល្មើសបានបំពាននិងរំលោភអំណាចស្តេច ព្រោះបានយកនាងទាវជាប្រពន្ធទុំមករៀបការឲ្យប្រុសផ្សេងគឺហ្មឺនងួនកូនលោកអរជួន ម្លោះហើយត្រូវស្តេចកាត់ទោសប្រហារជីវិត។
4-ការស្លាប់របស់ឧកញ៉ាអរជួន ៖ អរជួនជាមន្ត្រីមានអំពាចបន្ទាប់ពីស្តេច។អរជួនល្មើសច្បាប់ចាប់បង្ខំប្រពន្ធគេមករៀបការឲ្យហ្មឺនងួនកូនរបស់ខ្លួន ( រៀបការនាងទាវប្រពន្ធទុំឲ្យហ្មឺនងួន)។អំណាចស្តេចផែនដីនៃព្រះរាមាធំជាងអំណាចអរជួនចៅហ្វាយខេត្ត។អរជួនត្រូវទទួលទោសប្រហារជីវិតដោយសារល្មើសនឹងអំណាចស្តេចផែនដី។
5-ការស្លាប់របស់ហ្មឺនងួន ៖ ហ្មឺនងួនជាកូនកម្លោះរបស់អរជួន។នៅក្នុងរឿងទុំទាវ តួអង្គហ្មឺនងួនជាតួអង្គសំខាន់មួយដែលពាក់ព័ន្ធទៅក្នុងរឿងស្នេហា។ ហ្មឺនងួនដឹងថា នាងទាវមិនព្រមស្រឡាញ់ខ្លួនតាំងពីលើកដំបូងមកម្ល៉េះ ព្រោះនាងមានសង្សាររួចទៅហើយ ប៉ុន្តែយុវជនអភ័ពរូបនេះនៅតែងងើលឥតខ្មាស់មុខក្រាស់ស្រឡាញ់នាងទាវ ។ស្រីពេញនគរម្តេចមិនទៅរក ។ក្រោយមកហ្មឺនងួនដឹងថា នាងទាវជាប្រពន្ធរបស់ទុំ ព្រោះស្តេចបានរៀបការឲ្យស្របច្បាប់ល្បីពេញនគរ ហើយដឹងថា នាងទាវអស់ខ្លឹមសារកាយ ( ព្រហ្មចារិយៈ )ព្រោះនាងទាវបានប្រគល់ឲ្យរូបទុំតែម្នាក់រួចហើយ។ប៉ុន្តែហ្មឺនងួននៅតែចចេសចង់រៀបការជាមួយនាងទាវ ។ ស្នេហារបៀបនេះគឺខុសនឹងគោលការណ៍ច្បាប់ (ស្រឡាញ់ប្រពន្ធគេ ) ហើយទីបំផុតសមតែស្លាប់មែន ។
6-ការស្លាប់របស់សាច់ញាតិម្តាយទាវនិងសាច់ញាតិអរជួន ៖ សាច់ញាតិម្តាយទាវនិងសាច់ញាតិអរជួនស្លាប់ដោយអយុត្តិធម៌នៃរបបផ្តាច់ការ ព្រោះប្រព័ន្ធយុត្តិធម៌ក្តោបក្តាប់អំណាចលើតែបុគ្គលម្នាក់គឺស្តេចរាមា។ការកាត់ទោសក្នុងរឿងទុំទាវពុំមានតុលាការនិងគ្មានការជំនុំជំរះត្រឹមត្រូវទេ គឺស្តេចជាអ្នកសម្រេចដោយព្រះអង្គឯង។សូមបញ្ជាក់ថា សាច់ញាតិទាំងនោះគ្រាន់តែជាអ្នកចូលរួមក្នុងពិធីអាពាហ៍ពិពាហ៍តាមការអញ្ជើញរបស់ម្តាយទាវនិងអរជួនប៉ុណ្ណោះ ពួកគាត់មិនមែនជាអ្នកដៃដល់ក្នុងការសម្លាប់ទុំទាវនោះទេ។ដូច្នេះសាច់ញាតិទាំងនោះមិនគួរស្លាប់ទេ។
7-ការស្លាប់របស់នាងនោ ៖ នាងនោស្លាប់ដោយសារចិត្តអណ្តែតអណ្តូងរបស់នាង។នាងនោបានបាត់នាងទាងទាវជាទីគោរពនិងជាទីស្រឡាញ់របស់ខ្លួន ម្ល៉ោះហើយនាងនោសុខចិត្តធ្វើអត្តឃាត ព្រោះនាងមិនអាចរស់នៅដោយឯកោបានឡើយ។
( វិភាគដោយ ៖ យួន បូរ៉េត )

Comments

Popular posts from this blog

សិក្សារឿងទុំទាវ

មូលធម៌ខ្មែរ-មន

វិភាគបញ្ហាបទល្មើសរបស់ពូហំក្នុងរឿងថៅកែចិត្តចោរ

សំយោគសញ្ញាឬសញ្ញាផាត់លើ

សុភាសិត-ក្អែក១ជាក្អែក១០

រឿងថៅកែចិត្តចោរ

តើពាក្យ អាយ៉ង មានន័យដូចម្តេច?

រឿងភូមិតិរច្ឆាន