សិក្សារឿងទុំទាវ

1- ប្រភេទអក្សរសិល្ប៍ទំនើប, ប្រលោមលោកបែបមនោសញ្ជេតនា
2- នាចលនាខេមរនិយម
3- ឥទ្ធិពល ព្រះពុទ្ធសាសនា
4- សង្គមបរិយាកាស ក្នុងសម័យលង្វែក
5- កាលកំណត់តែង ១៩១៥ (ក្នុងរជ្ជកាលសេ្តចស៊ីសុវត្ថិ)
6- អ្នកនិពន្ធភិក្ខុសោម
7- សង្ខេបរឿង៖
​ ទុំជាកូនប្រុសរបស់ស្រ្តីមេម៉ាយម្នាក់នៅស្រុកបាភ្នំ ខេត្តព្រៃវែង បានបួសរៀនជាមួយមិត្តភក្តិម្នាក់ឈ្មោះ ពេជ្រនៅក្នុងវត្តវិហារធំ។ ទាំងពីរនាក់មានចំណេះដឹងខាងមន្តអាគម ស្មូត្រ ផ្លុំប៉ី និងធ្វើតោកលក់។ ដោយឡែកទំុមានរូបរាងស្អាត និងមានសំឡេងពីរោះ។ ថ្ងៃមួយនេនទាំងពីរបានសុំលោកគ្រូចៅអធិការយកតោកទៅលក់។ ទុំ និងពេជ្រលក់រហូតដល់ស្រុកត្បួងឃ្មុំ។ ទុំបានស្មូត្រយ៉ាងពិរោះធ្វើឲ្យអ្នកស្រុកត្បូងឃ្មុំផ្អើលឈូឆរមកស្តាប់។ នាងនោជាភិលៀងរបស់នាងទាវ ឃើញទុំស្អាត សំឡេងពិរោះក៏គួចចិត្តសេ្នហា តែដោយឋានៈតួចទាបនាងក៏ត្រឡប់ទៅផ្ទះប្រាប់នាងទាវ។ ទាវដឹងដំណឹងនេះក៏អង្វរម្តាយឲ្យទៅនិមន្តនេនទុំមកស្មូត្រនៅផ្ទះរបស់ខ្លួន។ ទុំស្មូត្រយ៉ាងពិរោះទាវក៏ចាប់ចិត្តស្រឡាញ់ ក៏រៀបចំផាហ៊ុម ដន្លាប់ បារី ស្លា ម្លូឲ្យនាងនោយកទៅប្រគេនទុំ ហើយប្រាថ្នាផ្សងឲ្យបានជួបទុំ។ ឯទុំវិញក៏ចាប់ចិត្តស្រឡាញ់ទាវដែរ។ មកដល់វត្តវិញ ទុំរិះរកឧបាយកលសុំលោកគ្រូសឹក លោកគ្រូពុំព្រមព្រោះការទស្សទាយឃើញថាជើងលេខមិនល្អពានលើស្លាប់។ ដោយគ្រូមិនឲ្យសឹកទុំក៏ទៅរកម្តាយឲ្យជួយអង្វរករលោកគ្រូតែពុំបានសម្រេច។ ទុំដាច់ចិត្តលួចសឹកម្នាក់ឯង ហើយក៏ប្រញាប់ប្រញាល់បបួលពេជ្រវិលទៅត្បូងឃ្មុំវេញ។ ជួនជាពេលនោះម្តាយទាវមិននៅ ទុំក៏ឡើងលើផ្ទះហើយលួចរូមរ័ក្សជាមួយទាវនាពេលនោះទៅ។
        ក្រោយមកអរជូនជាចៅហ្វាយខេត្តត្បូងឃ្មុំបានចួលដណ្តឹងនាងទាវ ឲ្យម៉ឺនងួនជាកូនប្រុសរបស់ខ្លួន។ ទន្ទឹមនឹងនោះទុំ និងពេជ្រត្រូវសេ្តចរាមាដែលសោយរាជ្យនៅក្នុង ក្រុងលង្វែកនាំយកទៅក្នុងវាំងព្រោះទុំចេះស្មូត្រយ៉ាងពិរោះ។ ដោយព្រះបាទរាមាចង់បានស្រីស្អាតធ្វើជាស្នំឯក ក៏ជ្រើសរើសរកស្រីស្អាតប៉ះចំនាងទាវដែលជាសង្សារទុំធ្វើឲ្យម្តាយទាវសប្បាយចិត្តជាខ្លាំង។ លុះបានជួបមុខគ្នាក្នុងវាំងចំពោះមុខសេ្តច ទុំច្រៀងរៀបរាប់សព្វគ្រប់ធ្វើឲ្យសេ្តចរៀបការឲ្យទុំនឹងទាវជាប្តីប្រពន្ធក្នុងពេលនោះទៅ។
        ការណ៍នេះធ្វើឲ្យម្តាយទាវតូចចិត្តយ៉ាងខ្លាំង ក៏ប្រញាប់ប្រញាល់មកស្រុកកំណើតវិញ ហើយរិះរកឧបាយកលក្លែងសំបុត្រប្រាប់ទៅនាងទាវថាខ្លួួនមានជម្ងឺជាទម្ងន់។ បានដំណឹងភ្លាម ទាវក៏មកមើលម្តាយដល់ផ្ទះ ត្រូវម្តាយចាប់បង្ខំឲ្យរៀបការជាមួយម៉ឺនងួន។ ទាវអស់សង្ឃឹមក៏សរសេរសំបុត្រឲ្យទុំបានដឹង។ ពេលនោះសេ្តចក៏ប្រទានរាជសារដល់ទុំ និងពេជ្រដើម្បីឃាត់អរជូន។ មកដល់ផ្ទះទាវ ទុំវង្វេងស្មារតីអស់សង្ឃឹមផឹកស្រាស្រវឹង ប្រកៀកប្រឱបនាងទាវចំពោះមុខភ្ញៀវ ធ្វើឲ្យម្តាយទាវខឹងក៏ពន្យូសអរជូនឲ្យចាប់យកទុំទៅសម្លាប់នៅក្រោមដើមពោធិជើងខាល។ ដឹងថាប្តីនាងត្រូវគេសម្លាប់ ទាវនិងនោតាមរកទុំ។ អ្នកទាំងពីរក៏សម្លាប់ខ្លួនតាមទុំទៅ។ ពេជ្រនាំដំណឹងអកុសលនេះទៅទូលសេ្តច ស្តេចក៏មកកាត់ក្តី ដោយចាប់អរជូន ម៉ឺនងួន និងម្តាយទាវកប់ទាំងរស់ត្រឹមក ហើយយករនាស់រាស់ពីលើក្បាល រីឯអ្នកស្រុកត្បូងឃ្មុំបញ្ចូលជាអ្នកងារទាំងអស់។
8- ប្រធានរឿងរឿងទុំទាវអ្នកនិពន្ធបានរំលឹកឡើងវិញពីប្រវត្តិស្នេហាមួយរបស់យុវជនខ្មែរ ក្រោមរបបសក្តិភូមិនាសម័យលង្វែក។ នេះគឺជាចំណងស្នេហាដ៏សោកសៅរបស់តួអង្គពីររូប គឺទុំ និងទាវ។ តាមរយៈនេះអ្នកនិពន្ធក៏បានលាតត្រដាងឲ្យឃើញពីរបៀបគ្រប់គ្រង និងច្បាប់ទម្លាប់ដ៏តឹងតែងនាសម័យនោះ។ ដូចនេះហើយទើបយើងឃើញថា ដំណើររឿងគឺវិលជុំវិញបញ្ហាសំខាន់មួយគឺ “ការតស៊ូដែលមានលក្ខណៈជាបុគ្គលិកដើម្បីទាមទារសិទ្ធិក្នុងការជ្រើសរើសគូស្រករ”។
9- មូលបញ្ហា មូលបញ្ហារឿងទុំទាវគឺស្ថិតនៅលើទំនាក់ទំនងដែលកើតឡើងដោយសារការប្រកាន់យកនូវទស្សនៈពីរផ្ទុយគ្នា​ គឺទាមទារសិទ្ធិសេរីភាពក្នុងការជ្រើសរើសគូស្រករ ឬស្នេហាចិត្ត និងចិត្ត ហើយទស្សនៈដែលប្រកាន់ទស្សនៈនីមួយៗដណ្តើមយកឈ្នះរៀងៗខ្លួន។
ចំណាំ ៖ ទស្សនៈចំពោះការស្លាប់របស់ទុំ
១- ទុំស្លាប់បណ្តាលមកពីមិនស្តាប់បណ្តាំគ្រូ
២- ទុំស្លាប់បណ្តាលមកពីមិនបង្ហាញរាជសារ
៣- ទុំស្លាប់បណ្តាលមកពីម្តាយទាវជាអ្នកបើកដៃឲ្យគេសម្លាប់
៤- ទុំស្លាប់បណ្តាលមកពីអរជូន និងម៉ឺនងួនជាអ្នកសម្លាប់
៥- ទុំស្លាប់បណ្តាលមកពីនាងទាវមិនជួយដាស់តឿនទុំ
៦- ទុំស្លាប់បណ្តាលមកពីស្តេចរាមាបណ្តាលឲ្យទុំយករាជសារទៅខ្លួនឯង
៧- ទុំស្លាប់ព្រោះស្នេហា
៨- ទុំស្លាប់បណ្តាលមកពីរបបសក្តិភូមិសម័យលង្វែកតែម្តង

មូលហេតុពិតប្រាកដនៃការស្លាប់តួអង្គក្នុងរឿងទុំទាវ  ៖
⁦⁩ ⁦រឿងទុំទាវជាស្នាដៃនិពន្ធរបស់ព្រះភិក្ខុសោមក្នុងឆ្នាំ1915។ កវីនិពន្ធបានបញ្ចប់សាច់រឿងដោយឲ្យតួអង្គស្លាប់បាត់បង់ជីវិត។ការស្លាប់របស់តួអង្គមានមូលហេតុពិតរបស់វា។ខាងក្រោមនេះជាការពិតនៃសេចក្តីស្លាប់របស់តួអង្គនៅក្នុងរឿងទុំទាវ ៖⁩ ⁦

1-ការស្លាប់របស់នាងទាវ ៖នាងទាវស្លាប់ដោយសារទំនៀមទម្លាប់ដ៏តឹងរ៉ឹងដែលម្តាយនាងនិយមកាន់គឺ«គំនិតនំមិនធំជាងនាឡិ »។ទំនៀមទម្លាប់នេះឲ្យអំណាចខ្លាំងដល់មេបាក្នុងការទុកដាក់កូនចៅឲ្យមានគូស្រករ ។ដូច្នេះទំនៀមទម្លាប់នេះបានគាបសង្កត់មកលើសេរីភាពនាងទាវជាហេតុធ្វើឲ្យនាងសម្រេចចិត្តធ្វើអត្តឃាតទៅតាមខ្មោចទុំ ព្រោះនាងមិនអាចទ្រាំរស់នៅដេកឱបជាមួយហ្មឺនងួនដែលនាងមិនស្រឡាញ់នោះទេ។ម៉្យាងទៀតយើងគិតថា នាងទាវបានបាត់របស់ជាទីស្រឡាញ់ ដូច្នេះមិនអាចទ្រាំរស់នៅជាមួយនរកបានទេ។ប្រសិនបើនាងទាវនៅដេកឱបហ្មឺនងួនមានន័យថា នាងទាវប្រៀបដូចដេកឱបថ្មយ៉ាងដូច្នេះដែរ។⁩ 
2-ការស្លាប់របស់់ទុំ៖ ទុំស្លាប់ដោយសារអំណាចផ្តាច់ការនៃសម័យលង្វែកដែលមានអរជួនជាស្តេចត្រាញ់អាងអំណាច និងក្រុមបក្សពួកអរជួនជាឃាតករនិងជាអ្នកដៃដល់ក្រោមការបូញមាត់ញោះញង់របស់ម្តាយទាវ។⁩ 

⁦3-ការស្លាប់របស់ម្តាយទាវ ៖ ម្តាយទាវស្លាប់ដោយសារសេចក្តីលោភលន់។ការលោភលន់បានរួមរឹតម្តាយទាវនាំឲ្យដូនចាស់ដាច់សីល លែងដឹងគុណធម៌ និងតម្លៃស្នេហារបស់យុវជន។ដូនចាស់បំបែកបំបាក់កូនរហូតដល់បញ្ជាអរជួនឲ្យសម្លាប់កូនប្រសារឯង (ទុំប្តីនាងទាវដែលស្តេចរាមាបានរៀបការឲ្យនៅឯព្រះបរមរាជវាំង)។ម្តាយទាវជាជនល្មើសបានបំពាននិងរំលោភអំណាចស្តេច ព្រោះបានយកនាងទាវជាប្រពន្ធទុំមករៀបការឲ្យប្រុសផ្សេងគឺហ្មឺនងួនកូនលោកអរជួន ម្លោះហើយត្រូវស្តេចកាត់ទោសប្រហារជីវិត។⁩ ⁦

4-ការស្លាប់របស់ឧកញ៉ាអរជួន ៖ អរជួនជាមន្ត្រីមានអំពាចបន្ទាប់ពីស្តេច។អរជួនល្មើសច្បាប់ចាប់បង្ខំប្រពន្ធគេមករៀបការឲ្យហ្មឺនងួនកូនរបស់ខ្លួន ( រៀបការនាងទាវប្រពន្ធទុំឲ្យហ្មឺនងួន)។អំណាចស្តេចផែនដីនៃព្រះរាមាធំជាងអំណាចអរជួនចៅហ្វាយខេត្ត។អរជួនត្រូវទទួលទោសប្រហារជីវិតដោយសារល្មើសនឹងអំណាចស្តេចផែនដី។

⁩ ⁦5-ការស្លាប់របស់ហ្មឺនងួន ៖ ហ្មឺនងួនជាកូនកម្លោះរបស់អរជួន។នៅក្នុងរឿងទុំទាវ តួអង្គហ្មឺនងួនជាតួអង្គសំខាន់មួយដែលពាក់ព័ន្ធទៅក្នុងរឿងស្នេហា។ ហ្មឺនងួនដឹងថា នាងទាវមិនព្រមស្រឡាញ់ខ្លួនតាំងពីលើកដំបូងមកម្ល៉េះ ព្រោះនាងមានសង្សាររួចទៅហើយ ប៉ុន្តែយុវជនអភ័ពរូបនេះនៅតែងងើលឥតខ្មាស់មុខក្រាស់ស្រឡាញ់នាងទាវ ។ស្រីពេញនគរម្តេចមិនទៅរក ។ក្រោយមកហ្មឺនងួនដឹងថា នាងទាវជាប្រពន្ធរបស់ទុំ ព្រោះស្តេចបានរៀបការឲ្យស្របច្បាប់ល្បីពេញនគរ ហើយដឹងថា នាងទាវអស់ខ្លឹមសារកាយ ( ព្រហ្មចារិយៈ )ព្រោះនាងទាវបានប្រគល់ឲ្យរូបទុំតែម្នាក់រួចហើយ។ប៉ុន្តែហ្មឺនងួននៅតែចចេសចង់រៀបការជាមួយនាងទាវ ។ ស្នេហារបៀបនេះគឺខុសនឹងគោលការណ៍ច្បាប់ (ស្រឡាញ់ប្រពន្ធគេ ) ហើយទីបំផុតសមតែស្លាប់មែន ។⁩

 ⁦6-ការស្លាប់របស់សាច់ញាតិម្តាយទាវនិងសាច់ញាតិអរជួន ៖ សាច់ញាតិម្តាយទាវនិងសាច់ញាតិអរជួនស្លាប់ដោយអយុត្តិធម៌នៃរបបផ្តាច់ការ ព្រោះប្រព័ន្ធយុត្តិធម៌ក្តោបក្តាប់អំណាចលើតែបុគ្គលម្នាក់គឺស្តេចរាមា។ការកាត់ទោសក្នុងរឿងទុំទាវពុំមានតុលាការនិងគ្មានការជំនុំជំរះត្រឹមត្រូវទេ គឺស្តេចជាអ្នកសម្រេចដោយព្រះអង្គឯង។សូមបញ្ជាក់ថា សាច់ញាតិទាំងនោះគ្រាន់តែជាអ្នកចូលរួមក្នុងពិធីអាពាហ៍ពិពាហ៍តាមការអញ្ជើញរបស់ម្តាយទាវនិងអរជួនប៉ុណ្ណោះ ពួកគាត់មិនមែនជាអ្នកដៃដល់ក្នុងការសម្លាប់ទុំទាវនោះទេ។ដូច្នេះសាច់ញាតិទាំងនោះមិនគួរស្លាប់ទេ។⁩ 

⁦7-ការស្លាប់របស់នាងនោ ៖ នាងនោស្លាប់ដោយសារចិត្តអណ្តែតអណ្តូងរបស់នាង។នាងនោបានបាត់នាងទាងទាវជាទីគោរពនិងជាទីស្រឡាញ់របស់ខ្លួន ម្ល៉ោះហើយនាងនោសុខចិត្តធ្វើអត្តឃាត ព្រោះនាងមិនអាចរស់នៅដោយឯកោបានឡើយ។⁩ ⁦
           ( វិភាគដោយ ៖ យួន បូរ៉េត )⁩

Comments

Popular posts from this blog

មូលធម៌ខ្មែរ-មន

វិភាគបញ្ហាបទល្មើសរបស់ពូហំក្នុងរឿងថៅកែចិត្តចោរ

សំយោគសញ្ញាឬសញ្ញាផាត់លើ

សុភាសិត-ក្អែក១ជាក្អែក១០

រឿងថៅកែចិត្តចោរ

តើពាក្យ អាយ៉ង មានន័យដូចម្តេច?

រឿងភូមិតិរច្ឆាន