មិនដែលទទួលទានសុរាសោះ តើមានគ្រោះឈឺថ្លើមដែរឬទេ ?
មិនដែលទទួលទានជាតិសុរាសូម្បីតែមួយខ្អឹក មិនដែលមានឆ្លងវីរ៉ុសអ្វីទាំងអស់ តែក៏អាចកើតជំងឺក្រិនថ្លើមបានដែរ ! បញ្ហាអាចបណ្តាលមកពីការទទួលទានជាតិភេសជ្ជៈផ្អែមច្រើន។ ទម្លាប់ទទួលអាហារ ជាប្រភពនៃជំងឺថ្លើមមួយប្រភេទដែលគេប្រសិទ្ធនាមឱ្យថា Nash។ តើ ណាស្ហ ជាជំងឺថ្លើមប្រភេទណា ? តើត្រូវធ្វើដូចម្តេចអាចការពារ ព្យាបាល និងបញ្ចៀសជំងឺនេះបាន ?ថ្លើមជាសរីរាង្គមួយដ៏សំខាន់ និងជាសរីរាង្គដ៏ចាំបាច់មិនអាចខ្វះបានសម្រាប់ការរស់រាន្ត របស់មនុស្ស។ ថ្លើមប្រៀបបានជារោងចក្រមួយ ដោយមានមុខងារយ៉ាងច្រើន ដូចជា ការបន្សាបជាតិពុល ការសំយោគប្រូតេអ៊ីន និងការផលិតសារធាតុគីមីជីវសាស្ត្រដែលចាំបាច់សម្រាប់រំលាយអាហារ។ ថ្លើមដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរមេតាបូលិក និងមានមុខងារជាច្រើននៅក្នុងរាងកាយ ដូចជាការស្ដុកទុកគ្លីកូសែន ការបំបែកសមាសធាតុរបស់កោសិកាឈាមក្រហម ការសំយោគប្លាស្មាប្រូតេអ៊ីន ការផលិតអ័រម៉ូន និងការបន្សាបជាតិពុលជាដើម។
ថ្លើមមានទីតាំងស្ថិតនៅខាងក្រោមសន្ទះទ្រូងនៃពោះ និងជាសរីរាង្គដ៏ធំជាងមួយនៃផ្នែកពោះព្រោះវាមានទម្ងន់ដល់ទៅប្រមាណមួយគីឡូក្រាមកន្លះ ។ ថ្លើមជាអ្នកផលិតនូវទឹកប្រមាត់ ដែលជាសមាសធាតុអាល់កាឡាំងមួយប្រភេទជួយដល់ការរំលាយអាហារ តាមរយៈការពង្រាវជាតិលីពីត។ ថ្លើមមានសកម្មភាពចាប់ជាតិស្ករ រួចបែងចែកក្លុយកូសទៅសរីរាង្គកាយតាមសេចក្តីត្រូវការ។ ជាលិកាពិសេសរបស់ថ្លើមសម្រួលដល់ប្រតិកម្មសារធាតុគីមីជីវសាស្ត្រកម្រិតខ្ពស់ៗជាច្រើន ដោយរាប់បញ្ចូលទាំងការសំយោគ និងការបំបែកម៉ូលេគុលសាំញ៉ាំតូចៗ ដែលភាគច្រើនគឺត្រូវការយ៉ាងចាំបាច់ដើម្បីរាងកាយមានដំណើរការទៅតាមធម្មតា។
ថ្លើមជារោងចក្រចម្រាញ់ជាតិពុល ជារោងចក្រលាងសម្អាតឈាម។ ក្នុងមួយនាទីមានឈាមចំនួនមួយលីត្រកន្លះបានហូរកាត់ថ្លើម ដើម្បីជម្រះជាតិពុល និងកខ្វក់ទាំងឡាយ។ មុនមកដល់ថ្លើម ឈាមមានលាយលំទៅដោយជាតិពុល និងសំរាមគ្រប់យ៉ាង តិចឬច្រើនដូចជាជាតិសុរា អាល់កុល ស្ករ ជាតិគីមី ថ្នាំ និងខ្លាញ់ ។ល។ និង។ល។ ពោលគឺទៅតាមប្រភេទនៃអាហារអ្វីដែលយើងស្រូប និងទទួលទានចូលទៅ។
មាននាទីជាអ្នកចម្រាញ់ និងបន្សាបជាតិពុលមែន ប៉ុន្តែថ្លើមខ្លួនឯងក៏អាចពុល និងធ្លាក់ខ្លួនជំងឺ ប្រសិនបើត្រូវប្រឹងបំផ្លាញជាតិអាល់កុល ខ្លាញ់ និងស្ករច្រើន។
អាល់កុល ជាប់ឈ្មោះល្បី និងស្គាល់ច្បាស់ថាជាដើមហេតុនាំឱ្យថ្លើម មានជំងឺ រលាក ក្រិន និងចុងក្រោយធ្លាក់ដល់ដំណាក់កាលធ្ងន់ធ្ងរបំផុត គឺជំងឺមហារីក។ ប៉ុន្តែក៏មានមនុស្សមិនតិចឡើយ ដែលធ្លាក់ខ្លួនឈឺ រលាកថ្លើមរ៉ាំរ៉ៃ រួចក្រិន និងមហារីក ដោយគ្មានធ្លាប់បានទទួលទានជាតិសុរាសូម្បីតែមួយខ្អឹក។ ជំងឺថ្លើមប្រភេទនេះ មានឈ្មោះជាផ្លូវការថា ជំងឺNash ឬជំងឺខ្លាញ់ថ្លើម។ តើNash ជាជំងឺអ្វី ?
Nash ជាឈ្មោះជាអក្សរកាត់ក្នុងភាសាអង់គ្លេស សម្រាប់ហៅជំងឺ Stéato-hépatite non alcoolique ពោលគឺជំងឺរលាកថ្លើម ដោយសារថ្លើមមានរុំខ្លាញ់ច្រើនជ្រុល។ ដើមហេតុនៃការមានខ្លាញ់ច្រើនជ្រុល គឺមកពីរបបចំណីអាហារមិនល្អ និងទទួលទានជាតិស្ករច្រើនជ្រុល។ ហេតុដូច្នេះបានជាជំងឺ មានឈ្មោះហៅក្រៅមួយទៀត ថា ជំងឺសូដា។
“ថ្លើមជាអ្នកបន្សុទ្ធឈាម បន្សាបជាតិអាល់កុល ហើយនៅពេលយើងទទួលទានជាតិស្ករចូលទៅ ថ្លើមក៏នឹងចាប់ជាតិស្ករនោះយកមកបំផ្លែងទៀត ប៉ុន្តែថ្លើមមិនសូវចេះ និងចូលចិត្ត ជាតិស្ករទេ ! ថ្លើមមានសមត្ថភាពបំផ្លែងសំយោគជាតិស្ករតែប្រមាណត្រឹមតែពី ៥០ទៅ៧៥ក្រាមប៉ុណ្ណោះ ពោលគឺជាចំនួនដ៏តិចបំផុតប្រើប្រៀបទៅនឹងជាតិស្ករដែលយើងទទួលទានចូលក្នុងពោះក្នុងមួយថ្ងៃៗ។ បំផ្លែងមិនអស់ ជាតិស្ករក្លាយជាអ្នកបំពុលថ្លើមទៅវិញ ព្រោះជាតិស្ករសល់ទាំងនោះនឹងត្រូវស្តុកទុកនៅក្នុងថ្លើមក្នុងទម្រង់ជាខ្លាញ់។ ហើយបើមានខ្លាញ់ច្រើន នោះថ្លើមនឹងពុល និងងាយធ្លាក់ខ្លួនមានជំងឺ។ ក្រៅអំពីអាល់កុល អាហារដែលសម្បូរទៅដោយជាតិផ្អែម ជាតិស្ករ ដែលអាចបំផ្លាញថ្លើម និងធ្វើឱ្យឡើងខ្លាញ់រុំថ្លើម មិនមែនត្រឹមតែជាដុំស្ករដាក់កាហ្វេ ស្ករស ស្ករតោ្នតទេ តែក៏ត្រូវរាប់ផងដែរពពួកអាហារធ្វើពីម្យៅមី ម្សៅខ្សាយ ពីធញ្ញជាតិ នំប៉័ង បាយអង្ករ ដំឡូង និងពិសេសទឹកភេសជ្ជៈផ្អែម ភេសជ្ជៈកំប៉ុង។ ថ្វីបើគេហៅជំងឺរលាកថ្លើមប្រភេទនេះ ថាជំងឺសូដា ប៉ុន្តែទឹកក្រូចច្របាច់ពីផ្លែក្រូចស្រស់ ក៏រាប់ចូលក្នុងចំណោមភេសជ្ជៈផ្អែម មានចំណែកបំពុលថ្លើមដែរ។”
នៅក្នុងករណីជំងឺNash ការកកប្រមូលផ្តុំខ្លាញ់ក្នុងថ្លើម រុំថ្លើម តែងបង្កឱ្យមានការរលាកនិងដំបៅកោសិការថ្លើម ក្នុងទម្រង់ដូចគ្នាបេះបិតទៅនឹងជំងឺរលាកថ្លើមដែលបង្កឡើងដោយសុរា និងជាតិអាល់កុល។ អ្នកជំងឺពុំធ្លាប់បានទទួលទានសុរាសោះមែន ប៉ុន្តែអ្នកជំងឺប្រភេទនេះ ច្រើនតែញៀននឹងចំណីមួយមុខទៀត គឺជាតិស្ករ/ផ្អែម។ ជំងឺនេះច្រើនតែកើតលើអ្នកដែលមានជំងឺធាត់ជ្រុល ទឹកនោមផ្អែម ឬលើសឈាម។ ក្នុងចំណោមអ្នកជំងឺNash ៥នាក់ មានប្រមាណម្នាក់វិឌ្ឍនជំងឺចូលដល់ដំណាក់កាល ក្រិនថ្លើម ជាមួយនឹងហានិភ័យដ៏ខ្ពស់កើតជំងឺមហារីកថ្លើមតែម្តង។
Nash ជាជំងឺដែលវិវឌ្ឍដោយស្ងាត់ស្ងៀមបំផុត ! ភាពលំបាកនេះជំងឺរលាកថ្លើមNash នេះ គឺគ្មានរោគសញ្ញាអ្វីជាប្រាកដ ដាច់ដោយឡែកជាទីកត់សម្គាល់របស់ជំងឺឡើយ។ នៅពេលដែលសញ្ញារោគដំបូង ដូចជា នឿយហត់ ស្បែកឡើងលឿង ហើម ឬហូរឈាម ចាប់លេចឡើង ជំងឺឈានដល់ដំណាក់កាលហួសពេលទៅហើយ។
ជាទូទៅរាល់គ្រប់ជំងឺពាក់ព័ន្ធនឹងថ្លើម មិនសូវផ្តល់រោគសញ្ញាអ្វីទេ ព្រោះថ្លើមជាសរីរាង្គមួយដែលមានសរសៃញាណ។
លោកសាស្ត្រាចារ្យ Gabriel Perlemuter ឯកទេសថ្លើមក្រពះពោះវៀន និងជាប្រធានផ្នែកនៅមន្ទីរពេទ្យ Antoine-Béclère Clamart ក្បែរទីក្រុងប៉ារីស ៖
“ថ្លើមគ្មានសរសៃញាណទេ ! ដូច្នេះវាមិនផ្តល់សញ្ញាជាអាការៈឈឺចុកចាប់ទេ។ យើងមិនអាចដឹងឬវាយតម្លៃអំពីសុខភាពថ្លើម តាមរយៈការឈឺបានឡើយ។ តែបើសញ្ញានៃការឈឺចាប់បានលេចឡើង វាច្រើនជាការហួសពេល និងជាករណីធ្ងន់ធ្ងរខ្លាំង មានដុំសាច់មហារីកក្នុងថ្លើមដែលរាលប៉ះពាល់ដល់ផ្នែកខាងក្រៅរបស់ថ្លើម។ គឺជាការឈឺចាប់ដ៏ខ្លាំង នៅផ្នែកខាងក្នុងទ្រូង ក្រោមឆ្អឹងជំនីផ្នែកខាងស្តាំ និងរាលដល់តំបន់ស្មាប៉ែកខាងស្តាំ។
ជំងឺថ្លើមត្រូវតែវែករកដោយការវិភាគឈាម។ ចាប់ពីអាយុ៤០ឆ្នាំឡើងទៅ អ្នកគួរតែទៅជួសឈាមវិភាគ ដើម្បីបានដឹងអំពីស្ថានភាពថ្លើមជាទូទៅ ជារៀងរាល់បួន-ប្រាំឆ្នាំម្តង ប្រសិនបើអ្នកមានសុខភាពល្អ គ្មានពូជកើតជំងឺថ្លើម គ្មានប្រវត្តិនិងកត្តាគ្រោះថ្នាក់ជាប់នឹងខ្លួន។ តែបើអ្នកមានប្រវត្តិគ្រួសារមានជំងឺថ្លើម ខ្លួនអ្នកផ្ទាល់មានសម្ពាធឈាមខ្ពស់ មានកូឡេស្តេរ៉ូល មានសញ្ញានៃជំងឺទឹកនោមផ្អែមដំបូង ធាត់ជ្រុល អ្នកគួរតែទៅពិនិត្យឈាម មើលសុខភាពថ្លើមជារៀងរាល់មួយឆ្នាំម្តង។”
ការវិភាគឈាម ថតឆ្លុះ ... ជាការវែករកភាពមិនប្រក្រតីរបស់ថ្លើម។ ប៉ុន្តែសូមចងចាំថា ការត្រួតពិនិត្យត្រឹមនេះ មិនគ្រប់គ្រាន់សម្រាប់ធ្វើរោគវិនិច្ឆ័យរកជំងឺថ្លើមNashទេ។ មធ្យោបាយតែមួយ ដែលមានប្រសិទ្ធភាពសម្រាប់ដឹងអំពីជំងឺនេះ គឺការចោះយកសាច់ថ្លើមមកវិភាគ។
គិតមកត្រឹមថ្ងៃនេះ គ្មានវិធីសាស្ត្រនិងមធ្យោបាយអ្វីសម្រាប់ព្យាបាលជំងឺរលាកថ្លើម Nashទេ។ កំពុងមានការវាយតម្លៃនិងសាកល្បងគ្លីនិក លើមូលេគុលចំនួនជាង៤០។ ក្នុងចំណោមមានមូលេគុល មួយទំនងជានឹងអាចត្រូវបានអនុញ្ញាតឱ្យធ្វើចរាចរណ៍លើទីផ្សារ នៅឆ្នាំ២០២០។
ក្នុងពេលរង់ចាំ មធ្យោបាយការពារមានតែមួយ គឺការបញ្ចេញកម្លាំងពលកម្ម ហាត់ប្រាណ ធ្វើកីឡា ឱ្យបានជាប់ជាប្រចាំ និងប្រកាន់យករបបអាហារដែលមានកាឡូរីទាប ដើម្បីទប់ស្កាត់ជំងឺកុំឱ្យវិវឌ្ឍទៅមុខលឿន។ ជាអនុសាសន៍ដ៏សាមញ្ញ តែពិបាកអនុវត្តបំផុត៕
Comments
Post a Comment