តើបុណ្យមាឃបូជាថ្ងៃ១៥កើតមានន័យបែបណា
ថ្ងៃអង្គារ ១៥កើត ខែមាឃ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ គឺជាថ្ងៃ «បុណ្យមាឃបូជា» ដែលមានសារៈសំខាន់នៅក្នុងពុទ្ធសាសនា។
បុណ្យមាឃបូជានេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ដាក់ក្នុងប្រតិទិនជាទិវាបុណ្យជាតិហើយត្រូវប្រកាស់អោយសម្រាកពីការងារមួយថ្ងៃ។ ទិវាសាសនានៃព្រះពុទ្ធសាសនានេះ ក៏ត្រូវបានអង្គការសហប្រជាជាតិអនុម័តកាលពីឆ្នាំ១៩៩៩ ទទួលស្គាល់ ជាពិធីបុណ្យអន្តរជាតិមួយ ដែលគេអាចប្រារព្ធធ្វើនៅតាមការិយាល័យទាំងឡាយរបស់អង្គការសហប្រជាជាតិនៅលើពិភពលោក។
តើបុណ្យមាឃបូមានប្រវត្តិយ៉ាងណាចំពោះ សាសនាព្រះពុទ្ធ?
បុណ្យមាឃបូជាប្រារព្ធឡើងរំឭកដល់ព្រឹត្តិការណ៍ធំៗពីរនៅក្នុងព្រះពុទ្ធសាសនាកាលដែលព្រះពុទ្ធគង់ព្រះជន្មនៅហើយជាប់ទាក់ទងជាមួយខែមាឃ។ព្រឹត្តិការណ៍ទាំងពីរនោះកើតឡើងនៅក្នុងខែមាឃដូចគ្នាប៉ុន្តែខុសឆ្នាំ :១.គឺទើបត្រាស់ថ្មីៗ ២-គឺជិតចូលនិព្វាន
ព្រឹត្តិការណ៍ធំទាំងពីរនោះគឺ ៖
១-ការប្រជុំចតុរង្គសន្និបាទនិងសកម្មភាពផ្សេងៗកើតឡើងក្នុងថ្ងៃនោះ គឺប្រារព្ធនៅឧទ្យានវេឡុវ័ន ក្រុងរាជគ្រឹះក្រោយពេលបានត្រាស់ដឹងបាន៩ខែ ។
២-ការដាក់អាយុសង្ខារ នៅថ្ងៃសុក្រ ពេញបូណ៌មី ខែមាឃឆ្នាំរោង នៅបាវាឡចេតិយ៍ ជិតក្រុងវេសាលី នៅនឹងមុខ មាររាធិរាជ ថា”ម្នាលមារមានចិត្តបាប អ្នកចូលខ្វល់ខ្វាយតិចចុះអំណឹះពីនេះទៅ ៣ខែទៀតតថាគតនឹងបរិនិព្វាន "។
មាឃបូជា ជាពីធីបុណ្យមួយដែលមានសារៈសំខាន់នៅក្នុងពុទ្ធសាសនាព្រះពុទ្ធ។ បុណ្យមាឃបូជាប្រារព្ធឡើង ដើម្បីរំលឹកដល់ថៃ្ងដែល ព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាស់បង្កើត ព្រះពុទ្ធសាសនាឡើងក្នុងលោកនាប្រទេសឥណ្ឌាកាលពី ៥៨៨ ឆ្នាំ មុនគ្រិស្តសករាជ នាថៃ្ងទី ១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន ៩ ខែគត់។
ការបង្កើតព្រះពុទ្ធសាសនា ក្នុងឋានៈជាអង្គការសាសនាមួយនេះ ធ្វើឡើងនៅ ក្នុងចំណោម ព្រះសង្ឃចំនួន ១២៥០ អង្គ ជាសមាជិក ក្នុងអង្គមហាសន្និបាតមួយ ដែលបាននិមន្តមកពីគ្រប់ស្រទាប់វណ្ណៈទាំងអស់។ នៅក្នុងមហាសន្និបាតនោះ ព្រះសម្មាសម្ពុទ្ធ ទ្រង់បានប្រកាស់នៅគោលការណ៍ ចំនួន១១ ប្រការ សម្រាប់ឲ្យសមាជិកមហាសន្និបាត ទាំងអស់កាន់យកជាវិថីជីវិត និងសម្រាប់យកទៅ ផ្សព្វផ្សាយ ដល់ជនដទៃទៀត ឲ្យបានយល់ពី ព្រះពុទ្ធសាសនា ។
ថ្ងៃមាឃបូជានេះ ព្រះសម្មាសម្ពុទ្ធជាម្ចាស់ នៃយើងទ្រង់ប្រទានឱវាទបាដិមោក្ខ ដល់មហាសង្ឃសន្និបាតក្នុងវត្តវេឡុវ័ន ដែលជាវត្តដំបូងបង្អស់ ក្នុងព្រះពុទ្ធសាសនាក្នុងថ្ងៃនោះ មានហេតុការណ៍សំខាន់៤យ៉ាងកើតឡើងគឺ៖
១៖ ព្រះសង្ឃសមណៈទូត ១,២៥០អង្គដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់ បញ្ជូនទៅកាន់តំបន់ផ្សេងៗដើម្បីផ្សព្វផ្សាយ គោលធម៌បានវិលត្រឡប់ មកចូលគាល់ ព្រះអង្គវិញយ៉ាង ព្រមព្រៀងគ្នា (សព្វេ ខីណាសវា)។
២៖ ព្រះសង្ឃទាំងអស់សុទ្ធតែជាឯហិភិក្ខុ ដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់បំបួស ឲ្យដោយផ្ទាល់ដែល ហៅថា ឯហិភិក្ខុឧបសម្បទា(សព្វេ ឯហិភិក្ខុកា) ។
៣៖ ព្រះសង្ឃទាំងអស់សុទ្ធតែជាព្រះអរហន្តបានអភិញ្ញា ៦ គឺ សម្តែងឫទ្ធិបាន,ត្រចៀកទិព្វ, ភ្នែកទិព្វ, កំណត់ដឹងចិត្តអ្នកដទៃ, បានរលឹកជាតិបាន និងអស់អាសវៈមកជួបប្រជុំគ្នាក្នុងវត្តវេឡុវ័ន ដោយមិនបាន ណាត់មត់ទុកជាមុន (សព្វេ អនិមន្តិតា) ។
៤៖ ថ្ងៃដែលព្រះសង្ឃទាំងអស់ជួបប្រជុំគ្នានោះ ត្រូវនឹងថ្ងៃពេញបូណ៌មីខែមាឃ (មាឃនក្ខត្តេ បុណ្ណចន្ទោ)។
ហេតុការណ៍ជួបប្រជុំគ្នាខាងលើនេះ ហៅម្យ៉ាងទៀតថាចតុរង្គសន្និបាតគឺ កិច្ចប្រជុំប្រកបដោយអង្គ៤។
ចតុរង្គសន្និបាតនេះប្រារព្ធធ្វើនៅក្នុងវត្តវេឡុវ័ន ក្នុងក្រុងរាជគ្រឹះនៃមគធរដ្ឋរបស់ព្រះបាទពិម្ពិសារ ក្រោយពីព្រះសម្មាសម្ពុទ្ធជាម្ចាស់ត្រាស់ដឹង អនុត្តរសម្មាសម្ពោធិញាណកន្លងហើយបាន ៩ខែ គឺ មុន ព.ស.៤៥ឆ្នាំ។
ព្រោះអច្ឆរិយហេតុកើតឡើង ដោយមិននឹកស្មានដល់បែបនេះ ព្រះសម្មាសម្ពុទ្ធជាម្ចាស់ទើបទ្រង់ឆ្លៀតឱកាសនោះ សម្តែងឱវាទបាដិមោក្ខដល់ព្រះសង្ឃចំនួន ១,២៥០អង្គនោះដោយទ្រង់ កំណត់គោលនយោបាយ ក្នុងការផ្សព្វផ្សាយព្រះពុទ្ធសាសនា៥ចំណុចគឺ៖
1/ ឧត្តមគតិបានដល់ អំណត់អត់ធ្មត់ចាត់ជាការតស៊ូយ៉ាងសិ្វតស្វាញ (អភ័យទានផ្នែកនយោបាយ)។
2/ គោលបំណងបានដល់ ព្រះនិព្វានចាត់ជាគោលបំណងខ្ពង់ខ្ពស់របស់ព្រះពុទ្ធសាសនា (សាធារណៈប្រយោជន៍)។
3/វិធីបដិបត្តិបានដល់ មិនរំលោភសិទ្ធិមនុស្សនិងសត្វ (សិទ្ធិមនុស្ស)។
4/គោលការណ៍មាន ៣ចំណុចគឺ៖
-មិនធ្វើអំពើអាក្រក់ទាំងពួង (សន្តិសុខ)
-ធ្វើអំពើល្អឲ្យដល់ព្រម (ប្រយោជន៍សង្គម)
-ធ្វើចិត្តរបស់ខ្លួនឲ្យផូរផង់(អត្តាភិវឌ្ឍន៍)។
វិធីសាស្ត្រ មាន៦ចំណុចគឺ៖
-មិនបរិហារកេរ្តិ៍បុគ្គលណា (វចីសុចរិត = សណ្ហវាចា,សច្ចវាចា,អបិសុណវាចា,មន្តាវាចា;ឃោសនាការ)
-មិនធ្វើទុក្ខបុកម្នេញបុគ្គលណា (អហិង្សា ឬ សន្តិវិធី)
-គោរពក្រមសីលធម៌ (ចរិយាសាស្ត្រ)
-ស្គាល់ប្រមាណក្នុងអាហារ (សេដ្ឋកិច្ច)
-អង្គុយឬសិងក្នុងទីស្ងាត់ (នគរូបនីយកម្ម)
-ប្រកបព្យាយាមក្នុងអធិចិត្ត (សិក្សាធិការ)។
ទាំង៥ចំណុចខាងលើនេះ ចាត់ជាគោលនយោបាយរបស់ព្រះពុទ្ធសាសនា។
ថ្ងៃមាឃបូជាចាត់ជាថ្ងៃព្រះធម៌, ថ្ងៃវិសាខបូជាចាត់ជាថ្ងៃព្រះពុទ្ធ, ថ្ងៃអាសាឍបូជាចាត់ជាថ្ងៃព្រះសង្ឃ។
តើប្រារព្ធពិធីមាឃបូជាបានប្រយោជន៍អ្វីខ្លះ?
ប្រយោជន៍នៃថ្ងៃមាឃបូជាគឺ៖
១៖ ពុទ្ធសាសនិកជនបានយល់ដឹងយ៉ាងត្រឹមត្រូវដល់សារៈសំខាន់នៃថ្ងៃមាឃបូជានេះ។
២៖ យល់ដឹងគោលធម៌ និងគោលជំហររបស់ព្រះពុទ្ធសាសនា។
៣៖ បណ្តុះសទ្ធាជ្រះថ្លាកាន់តែភិយ្យោភាពឡើង ក្នុងគោលធម៌របស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់។
៤៖ បានបដិបត្តិតួនាទីរបស់ពុទ្ធសាសនិកជន ក្នុងថ្ងៃមាឃបូជានេះ។
៥៖ បានជួយជ្រោមជ្រែងព្រះពុទ្ធសាសនា ឲ្យស្ថិតស្ថេរចេរកាលយូរអង្វែង។
ថ្ងៃមាឃបូជាចាត់ជាគ្រឿងពិសោធ និងវាស់វែងគុណភាពនៃពុទ្ធសាសនិកជន ឲ្យឃើញថាបុគ្គលណាជាពុទ្ធសាសនិកជនសកម្ម ឬ អសកម្មនៅថ្ងៃនេះឯង ប្រៀបដូចជាកញ្ចក់ឆ្លុះបំភ្លឺមុខដូច្នោះ។ ព្រោះហេតុនោះ បើបានឋានៈជាពុទ្ធសាសនិកជនហើយមិនត្រូវព្រងើយកន្តើយនឹងកាតព្វកិច្ចរបស់ខ្លួននោះទេ ត្រូវព្យាយាមលើកស្ទួយឋានៈពុទ្ធសាសនិកជនរបស់ខ្លួនឲ្យ សកម្មឡើងការធ្វើដំណើរទៅកាន់វត្ត ឬ មណ្ឌលពុទ្ធសាសនាមិនមែនជាការងារធ្ងន់ធ្ងរឡើយ។ ផ្ទុយទៅវិញជាការជួយលើក ស្ទួយគុណភាពជីវិតផ្នែកចិត្តវិញ្ញាណរបស់ខ្លួនឲ្យប្រសើរឡើង តាមគោលការណ៍ចំណុចទី២ថា ធ្វើអំពើល្អឲ្យដល់ព្រម ពោលគឺបណ្តុះចិត្តឲ្យស្ថិតក្នុងបុណ្យកុសលនោះឯង។
សង្ឃឹមថា យើងម្នាក់ៗអាចទាញយកប្រយោជន៍បានខ្លះ ពីថៃ្ងមាឃបូជានេះ អញ្ជើញនាំគ្នាធ្វើបុណ្យទាន រក្សាសីល និងសមាធិសម្អាតចិត្តរបស់ខ្លួនក្នុងថៃ្ងនេះ ដើម្បីបូជា និងរំលឹកចំពោះគុណព្រះសម្មាសម្ពុទ្ធដែលព្រះអង្គបានបង្កើតព្រះពុទ្ធសាសនា សម្រាប់ជាមាគ៌ាជីវិតដល់ពួកយើងទាំងអស់គ្នា។
មេរៀនពីបុណ្យមាឃបូជា ជាថៃ្ងដែលព្រះពុទ្ធ អង្គទ្រង់ប្រកាស់គោលការណ៍ទាំង១១ ប្រការនេះ ចែកចេញពីពីរយ៉ាង មួយសម្រាប់ជាប្រយោជន៍ដល់បរិស័ទយកទៅប្រើប្រាស់និងមួយទៀត សម្រាប់ឲ្យសមាជិកមហាសន្និបាត ទាំងអស់កាន់យកជាវិថីជីវិត និងសម្រាប់យកទៅផ្សព្វផ្សាយ។
ចំណុច១៖ ក្នុងឋានៈជាបរិស័ទ ការអនុវត្តន៍តាមប្រការទាំង១១នេះ នឹងនាំទៅរកសន្តិភាពផ្លូវចិត្តជាពិតប្រាកដ។
ចំណុច២៖ ក្នុងឋានៈជាពលរដ្ឋ ក្នុងសង្គមការមានគោលបំណង រួមមានគោលដៅដូចគ្នានិងការប្រព្រឹត្តប្រហាក់ប្រហែលគ្នានេះ នឹងអាចនាំមកនូវ សន្តិភាព និងការអភិវឌ្ឍន័ដែលប្រកបដោយនិរន្តភាព។
ចំណុច៣៖ ក្នុងឋានៈជាក្រុមបក្សនៅក្នុងសង្គម ឬប្រទេសជាតិមួយ ដែលព្យាយាមសែ្វងរកនូវឱកាសដើម្បីរក្សាសន្តិភាព និងជំរុញដល់ ការអភិវឌ្ឍន៍ដល់ ប្រទេសជាតិតែឯងនោះការគោពតាមគោលការណ៍ទាំង ១១ប្រការនេះ នឹងកាត់បន្ថយបាននូវអស្ថិរភាពជម្លោះនិងអំពើហិង្សាដែលកើតមកពីការប្រកូតប្រជែងគ្នាបាន។
ចំណុច៤៖ ក្នុងឋានៈជាអ្នកផ្សាយសាសនា ការប្រព្រឹត្តទៅតាមគោលការណ៍នេះនឹងនាំឲ្យមានការយោគយល់ការផ្តល់កិត្តិយស ដល់គ្នានិងគ្នា និងការរស់នៅជុំគ្នាក្នុងឋានៈជាមនុស្សជាតិបាន បើទោះជាមានសាសនាខុសៗគ្នាក៏ដោយ។
ចំណុច៥ : ក្នុងឋានៈជាអន្តរជាតិ ការគោរពតាមគោលការណ៍នេះ នឹងនាំមកនូវនិរន្តរភាព របស់មនុស្សជាតិ បរិស្ថានធម្មជាតិ ពិភពសត្វ និងអាកាសធាតុដ៏យូរអងែ្វងបានដោយមិនបាច់ព្រួយបារម្ភក្នុងការដណ្តើមគ្នាដើម្បីរស់ឡើយ។
ចំនួន១១ ប្រការ សម្រាប់ឲ្យសមាជិកមហាសន្និបាត ទាំងអស់កាន់យកជាវិថីជីវិត និងសម្រាប់យកទៅផ្សព្វផ្សាយដល់ជនដទៃទៀតឲ្យបានយល់ពីពុទ្ធសាសនា ។ គោលការណ៍ ទាំង១១ប្រការនេះ មានឈ្មោះជាភាសាបាលីថា “ឱវាទបាដិមោក្ខ” ដែលពុទ្ធសាសនិកជនម្នាក់ៗត្រូវយកមកសិក្សាឲ្យយល់ដឹងនិងអនុវត្តដូចតទៅ :
គោលបំណងៈ គោលបំណងរបស់របស់ព្រះពុទ្ធសាសនា ឬក៏ដូចជាគោលបំណងរបស់ ពុទ្ធសាសនិកម្នាក់ៗ គឺសែ្វងរកនិព្វានដែលប្រែថា សភាវប្រាស់ចាកទុក្ខ មិនមានសេចក្តីទុក្ខ មិនមានបញ្ហាក្នុងដួងចិត្តរបស់ខ្លួន ពាក្យនិព្វាននេះ មានន័យស្មើនិង ពាក្យថា “សន្តិ “ដែលប្រែថា” សេចក្តីស្ងប់ ” ។ យើងអាចនិយាយថា គោលបំណង របស់ព្រះពុទ្ធសាសនា គឺការបង្កើតឡើងនូវសន្តិភាពក្នុងដួងចិត្តនេះដែរ ក៏ជាមូលដ្ឋានគ្រឹះនៃសន្តិភាពក្នុងសង្គមដែលខ្លួនរស់នៅផង។ ការកាន់ព្រះពុទ្ធសាសនា គឺជាការប្រឹងប្រែង ដើម្បីបង្កើតសន្តិភាពដល់ខ្លួននិងចូលរួមចំណែកដល់សន្តិភាពសង្គម និងពិភពលោក នេះជាកាតព្វកិច្ចដែលពុទ្ធសាសនិកម្នាក់ៗត្រូវប្រឹងប្រែងធ្វើអោយសម្រេច ។
គោលដៅ :សន្តិភាព ប្ញនិញ្វន មិនមែនកើតឡើងដោយការសុំបន់ស្រន់បួងសួងទេ និងក៏មិនអាចកើតឡើងដោយសារផ្តល់ ឬប្រទានឲ្យដោយចិត្តស្រឡាញ់មេត្តារបស់ អាទិទេព ឬព្រះជាម្ចាស់អង្គណាមួយឡើយ សន្តិភាពនេះកើតដោយសារការសន្សំរបស់សកម្មភាព៣យ៉ាងគឺ:
១-ការមិនធ្វើអាក្រក់
២-ការកម្ចាត់អំពើអាក្រក់
៣-ការពារទប់ស្កាត់អំពើអាក្រក់គ្រប់ប្រភេទ មិនឲ្យកើតមានក្នុងជីវិតរស់នៅទាំងផ្លូវកាយនិងផ្លូវសម្តី។ការធ្វើអំពើល្អ បង្កើតអំពើល្អនិងរក្សាអំពើល្អឲ្យស្ថិតសេ្ថរគង់វង្សក្នុងជីវិតរស់នៅប្រចាំថៃ្ង ទាំងអំពើល្អខាងផ្លូវកាយនិងផ្លូវសម្តី។ពង្រឺងចិត្តដែលជាមូលដ្ឋាននៃអំពើដោយកម្ចាត់កិលេស ឬមេរោគដែលតោងចិត្តឲ្យអស់ទៅ រហូតដល់ចិត្តស្អាតបរិសុទ្ធ មិនមានសភាវៈអាក្រក់ស្ថិតនៅ។
លក្ខណៈរបស់ព្រះពុទ្ធសាសនិកជន ៖
លក្ខខណ្ឌទី១៖ មានការអត់ធ្មត់ក្នុងការធ្វើអំពើល្អ និង កម្ចាត់អំពើអាក្រក់។
លក្ខខណ្ឌទី២៖ មិនប្រើអំពើហិង្សាក្នុងការរស់នៅ។
លក្ខខណ្ឌទី៣៖ មិនប្រើពាក្យបៀតបៀននិងតិៈដៀលអ្នកដទៃ។
លក្ខខណ្ឌទី៤៖ រក្សាសីល រស់នៅក្នុងច្បាប់ យកច្បាប់ជាធំ។
លក្ខខណ្ឌទី៥៖ បរិភោគ ប្រើប្រាស់វត្ថុទាំងទ្បាយដោយសន្សំសំចៃនិងស្គាល់ប្រមាណ។
លក្ខខណ្ឌទី៦៖ ចូលចិត្តភាពស្ងប់ស្ងាត់ និង បង្កើតបរិយាកាសស្ងប់ស្ងាត់។
លក្ខខណ្ឌទី៧៖ មានសេចក្តីព្យាយាមក្នុងការសម្អាតចិត្ត ធ្វើឲ្យចិត្តមានសមាធិ។
Comments
Post a Comment