ចូលឆ្នាំចិនស្រវឹងខ្មែរ
កំណាព្យ៖ ចូលឆ្នាំចិនស្រវឹងខ្មែរ
១- នេះនឹងថ្លាថ្លែងតែងអំពិ ទំនៀមប្រពៃណីចិននិងយួន ចូលមកស្រុកខ្មែហែរជាក្បួន ទាំងចៅទាំងកូនពួនពេញស្រុក។
២-ជំនួញជួញដូរសព្វសារពើរ ខ្មែរឯងហាក់ភ្លើអង្គុយកុក ផឹកស៊ីសប្បាយសាយទឹកមុខ គ្មានទុក្ខកង្វល់ដល់រូបកាយ។
៣-ថ្ងៃ១៥រោចខែមាឃធំ ទំនៀមដ៏ធំលោតម៉ុងសាយ ចូលឆ្នាំចិនយួនសើចសប្បាយ សំណែនម្ហូបបាយរាយពេញថាស់។
៤-ជ្រូកខ្វៃមានស្ងោរផ្លែឈើគ្រប់ ផ្កាភ្ញីទឹកអប់ស្រាថ្មីចាស់ ឧទ្ទិសកុងម៉ាញាតិក្មេងចាស់ ដែលផ្លាស់ទីឋានទៅបរលោក។
៥-ថ្លែងពីខម-ខ្មែរជាម្ចាស់ស្រុក ខំធ្វើតត្រុកទាំងក្រសោក តាំងខ្លួនជាចិនយួនដូចឃ្លោក ទ្រព្យថ្លៃទ្រព្យថោកខំប្រវារ។
៦- លេងខ្លួនដូចចិនអ្នកមានធំ មូលមីរជួបជំុខំផឹកស្រា ស្រវឹងពុលខ្លាំងស្រែកឡូឡា អួតថាអញពូជឈាមជ័រចិន។
៧-ចូលឆ្នាំចិនស្រេចបាច់រួចហើយ មិននៅកន្តើយរកលុយសិន ជំពាក់លុយពេលចូលឆ្នាំចិន សងគេសិននឹងបានថ្លៃថ្នូរ៕
(និពន្ធដោយ៖យួន បូរ៉េត ).
Comments
Post a Comment