ច្បាប់មាសទាំង៨ របស់មហាវីរក្សត្រខ្មែរព្រះបាទជ័យវរ្ម័នទី៧
ច្បាប់មាសទាំង៨ របស់មហាវីរក្សត្រខ្មែរព្រះបាទជ័យវរ្ម័នទី៧ ដែលអ្នកដឹកនាំសម័យថ្មីគួរដើរតាមគន្លងព្រះអង្គ៖
ទី១ :ទឹកអម្រែកទីមួយក្នុងនាមជាអ្នកដឹកនាំត្រូវធ្វើខ្លួនឲ្យដូចជាទឹកអម្រែក។ នៅពេលដែលអ្នករែកទឹក ពុំគួរលម្អៀងទៅខាងណានោះទេ ព្រោះវាអាចធ្វើឲ្យទឹកកម្ពប់។ រីឯការដឹកនាំអ្នកចាំបាច់ត្រូវប្រកាន់ចិត្តជាកណ្តាលគោរពគោលការណ៍ត្រឹមត្រូវ មានអព្យាក្រិត តម្លាភាព ដោយមិនគួរផ្តេកផ្តួលទៅខាងណាជាងខាងណានោះឡើយ បើមិនដូច្នោះទេផ្ទៃក្នុងនឹងបែកបាក់នាំទៅរកក្តីអន្តរាយជាក់ជាមិនខាន។
ទី២ ភ្នែកខ្លែងសត្វខ្លែងគឺជាសត្វមួយប្រភេទដែលមានភ្នែកមុតស្រួច អាចសម្លឹងបានយ៉ាងច្បាស់គ្រប់សព្វទិសទី។ ដូច្នេះអ្នកដឹកនាំត្រូវមានចក្ខុភ្លឺថ្លាមើលឲ្យគ្រប់ជ្រុងជ្រោយ បែងចែកច្បាស់លាស់រវាងខុសនិងត្រូវ អ្នកណាល្អពិត អ្នកណាសម្តែង អ្នកគួរកែលម្អបន្ថែម បើអ្នកមិនច្បាស់ទេអាចនាំទុក្ខភ័យដល់ខ្លួន ឬស្ថាប័នទាំងមូល។
ទី៣ ស្ញែងរាជសីច្បាប់ទី៣ ព្រះអង្គយករាជសីជាស្តេចសត្វចតុបាទជាតំណាង សម្រែករាជសីមានឬទ្ធិអំណាចអាចធ្វើឲ្យសត្វផងទាំងពួងគោរពកោតខ្លាច។ ដោយហេតុនេះអ្នកដឹកនាំត្រូវធ្វើខ្លួនឲ្យគេគោរពស្ញប់ស្ញែង កុំឡេសឡោះ លេងសើចហួសព្រំដែន ត្រូវរឹងពឹង ម៉ឺងមាត់ ម៉ត់ចត់។
ទី៤ សម្តីឥសូរសម្តីឥសូរគឺជាសម្តីទិព្វ មិនអាចនិយាយបាទដៃខ្នងដៃ ឬលេងសើចឥតសាច់ការនោះទេ។ យ៉ាងណាមិញ អ្នកដឹកនាំត្រូវពោលពាក្យសម្តីមានន័យខ្លឹមសារអាចយកជាការណ៍ ឲ្យគេគោរព ស្តាប់បង្គាប់ និងអនុវត្តតាម។
ទី៥ ថ្ងូរព្រះឥន្ទ្រព្រះឥន្ទ្រជាស្តេចទេវតាគ្រប់គ្រង់អស់ឋានទាំងបី មានមហិទ្ធានុភាពអស្ចារ្យលើសសត្វទាំងពួង មានទឹកព្រះទ័យខ្វល់ខ្វាយជានិច្ចពីជីវិតសត្វលោក តែទ្រង់មិនដែលថ្អូញថ្អែរនោះទេ។ ស្របជាមួយគ្នានេះដែរ ក្នុងនាមជាមេដឹកនាំមិនគួរមានទម្លាប់រអ៊ូរទាំច្រើន សាំញ៉ាំពេកនោះទេ ត្រូវធ្វើចិត្តឲ្យធ្ងន់ តាំងចិត្តឲ្យនឹងនោះទើបកិច្ចការចម្រើនទៅមុខ។
ទី៦ សុបិនសួគ៌ហ៊ានសុបិនធំ មានទស្សនវិស័យវែងឆ្ងាយ ជឿជាក់ប្តេជ្ញាខ្ពស់អមដោយគោលការណ៍ និងផែនការច្បាស់លាស់។ គោលដៅតូចៗជាស្ពានចម្លងទៅរកការសម្រេចលទ្ធផលធំ និងមានមនសិការធ្វើយ៉ាងណាសម្រេចភាពជោគជ័យឲ្យបាន។
ទី៧ ខួរទន្សាយច្បាប់ទី៧ អ្នកដឹកនាំត្រូវមានភាពឆ្លាតវៃ មានសមត្ថភាពអាចដោះស្រាយវិបត្តិរបស់អ្នកនៅក្រោមបង្គាប់ដោយសន្តិវិធី។ មិនអាចធ្វើការដោយងងឹតងងល់ ខ្វះការពិចារណា ឬសម្លឹងមើលតែមួយជ្រុងនោះទេ នោះអ្នកអាចនឹងជួបគ្រោះថ្នាក់ក្នុងកាលៈទេសៈណាមួយជាក់ជាមិនខាន។
ទី៨ សប្បាយស្រមោចស្រមោចជាពពួកសត្វដែលមានលក្ខណសម្បត្តិពូកែធ្វើការជាក្រុម និងសម្រេចលទ្ធផលធំរួមគ្នា។ ដូច្នេះក្នុងនាមជាអ្នកដឹកនាំត្រូវចេះបង្កើតបរិយាកាសរីករាយនៅកន្លែងធ្វើការ ចេះលើកទឹកចិត្តបុគ្គលិករួមការងារ ដោយជំរុញឲ្យពួកគេមានកម្លាំងបង្កើនលទ្ធភាពការងារឆ្ពោះទៅរកការសម្រេចគោលដៅរួម។
Comments
Post a Comment